(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសារលិខិតជូនពររបស់ឯកឧត្តម ជា សុផារ៉ា មានខ្លឹមសារទាំងស្រុងថា៖
ក្នុងឱកាសប្រកបដោយសិរីជយាភិរម្យថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណវាងវៃភ្លឺថ្លា និងជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពថ្លែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលតែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ការពារសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភាទទួលបានជោគជ័យគួរជាទីមោទនៈ។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរមហា ប្រសើរជូន សម្តេចមហារដ្ឋសភាធិការធិបតី និង ក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរ ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕

