(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជឿជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគទុកធនធានរ៉ែ ជាមួយ ក្រុមហ៊ុន Renaissance នឹងធ្វើឱ្យវិស័យរ៉ែកម្ពុជា កាន់តែមានអនាគតល្អ ហើយក៏មិនឱ្យមានការធ្វើអាជីវកម្មរ៉ែណាមួយដែលធ្វើឱ្យបំផ្លាញបរិស្ថាន ឬមិនបង់ចំណូលជូនប្រទេសជាតិនោះដែរ។
ការលើកឡើងបែបរបស់ រដ្ឋមន្រ្តីឯកឧត្តម កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគទុកធនធានរ៉ែ ចំនួន០២កន្លែងបន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលគម្រោងទាំងពីរនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក នៅក្នុងរយៈពេលនៃអាជីវកម្មរ៉ែទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការចុះហត្ថលេខា គឺអនុញ្ញាតឱ្យមានការខួងយករ៉ែបន្ត ដើម្បីយកធនធានមកអភិវឌ្ឍដល់ប្រទេសជាតិ ហើយទីពីរក៏ផ្តល់អាជ្ញាប័ណ្ណការឯកភាព ដើម្បីធ្វើការវិនិយោគបន្ថែម នៅក្នុងតំបន់មេមត់ ខេត្តត្បូងឃ្មុំ ហើយបើសិននិយាយពីការវិនិយោគ គឺរ៉ែបច្ចុប្បន្ននេះ គឺការវិនិយោគប្រហាក់ប្រហែល ១៥០លានដុល្លាអាមេរិក (លេខមូល) ហើយការវិនិយោគបន្តទៀត គឺទម្រង់ប្រហាក់ប្រហែល ១៥០លានដុល្លាអាមេរិកដូចគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ដថា ផលប្រយោជន៍ពីរការបានកន្លងមកនេះ បានចំណូលចូលរដ្ឋាភិបាល ដើម្បីយកអភិវឌ្ឍប្រទេសជាតិ បានរាប់រយលានដុល្លារួចហើយ គ្រាន់តែក្នុងឆ្នាំកន្លងមកនេះ គឺគ្រាន់តែការបង់ពន្ធសួយសារចូលបានជាង ៥០លានដុល្លាររួចមកហើយ។ ហើយនៅក្នុងឆ្នាំបន្ទាប់នេះ គឺឃើញថាចំណូលនេះ នឹងកើនទៅទៀតដោយសារភាពជោគជ័យ ក្នុងការរុករក និងការចម្រាញ់រ៉ែ គ្រាន់តែសួយសារអាចឡើងដល់ ៧០លានដុល្លា និងថែមជាមួយពន្ធពាក់ព័ន្ធផ្សេងទៀត ហើយនេះជាការព្យាករដែលបានគ្រោងទុក។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងជំហានទីពីរ ដែលបានចុះហត្ថលេខានេះ គឺប្រសិនជាបូកគម្រោងទាំងពីរក្នុងមួយឆ្នាំ កម្ពុជាអាចបានចំណូលដល់ ១៥០លានដុល្លា ទៅជិត ២០០លានដុល្លា។ ប្រសិនបើគម្រោងទាំងពីរថ្មី ដំណើរការព្រមគ្នា នៅក្រោយឆ្នាំ២០២៧-២០២៨ខាងមុខ ប្រសិនបើមិនមានការប្រែប្រួល ដូច្នេះនេះ គឺជាផលប្រយោជន៍ធំមួយសម្រាប់ប្រទេសកម្ពុជា។ ការវិនិយោគរ៉ែ មាសនៅកម្ពុជា ការធ្វើរបស់ក្រុមហ៊ុន Renaissance Minerals គឺស្ដង់ដារពិភពលោក គឺការពារបរិស្ថាន ការធ្វើកិច្ចការចូលរួមជាមួយសហគមន៍ ហើយនិងការបង់ចំណូលចូលរដ្ឋាភិបាល សុទ្ធតែធ្វើចូលក្នុងស្ដង់ដារពិភពលោក ដូច្នេះនេះជាបទពិសោធន៍មួយចំពោះប្រទេសកម្ពុជា ហើយក៏ជាការបើកឱកាសដល់ក្រុមហ៊ុនធំៗ ផ្សេងទៀត ក្នុងការជួយអភិវឌ្ឍគម្រោងរ៉ែបន្ថែមទៀត។
ជាមួយគ្នានេះ លោក ម័រហ្គេន ហាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វ៉ីនៃសង់ មីនើរ៉ល បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យគម្រោងអាជីវកម្មរ៉ែ មាសនៅតំបន់មេមត់ ទទួលបាននូវការអនុញ្ញាតពេញលេញ និងត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍ។ មកដល់បច្ចុប្បន្ននេះ អាជីវកម្មរ៉ែមាសនៅអូរខ្វាវបានផលិតមាសជាង ៤៥០,០០០ អោនស៍ និងនៅមានច្រើនជាងនេះទៅទៀតដែលនឹងមកដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងការពង្រីកប្រតិបត្តិការជីកយករ៉ែក្រោមដី និងតំបន់សក្តានុពលមួយចំនួនទៀតដែលនៅជិតអូរខ្វាវ។
លោក ម័រហ្គេន ហាត បានបន្ដថា ឧបករណ៍សម្រាប់អាជីវកម្មរ៉ែទ្រង់ទ្រាយធំទាំងអស់ នៅគម្រោងអូរខ្វាវ ត្រូវបានដំណើរការដោយប្រតិបត្តិករកម្ពុជាដែលមានជំនាញ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងការដ្ឋានរ៉ែ ដែលជាអ្វីដែលមិនធ្លាប់ឮពីមុន គម្រោងអូរខ្វាវ។ ហើយយើងមានមោទនភាពក្នុងការនិយាយថា យើងកំពុងសម្រេចបាននូវស្តង់ដារសុវត្ថិភាពឈាន មុខគេក្នុងឧស្សាហកម្ម មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកំរិតខ្នាត អន្តរជាតិផងដែរ។
ជាមួយគម្រោងអាជីវកម្មនៅតំបន់មេមត់ គោលដៅគឺសាមញ្ញអនុវត្តតាម និងកសាងលើភាពជោគជ័យរបស់គម្រោងអូរខ្វាវ បន្តជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកសាងជំនាញសមត្ថភាពសម្រាប់ប្រជាជនកម្ពុជា។ ហើយធ្វើគ្រប់ទាំងអស់ ដោយមានចំណែកស្មើភាពគ្នានៅលើប្រាក់ចំណេញនៃគម្រោងជាមួយប្រជាជនកម្ពុជា និងអត្ថប្រយោជន៍វិជ្ជមានសុទ្ធសម្រាប់ភាគីពាក់ព័ន្ធទាំងអស់៕

















