នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីក្រុងប៉ាលឹម ប្រទេសប្រេស៊ីល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយបានលើកគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដល់ 55% ក្នុងឆ្នាំ 2035 ពីវិស័យ ថាមពល សំណល់ កសិកម្ម ព្រៃឈើ និងដំណើការឧស្សាហកម្ម។ ឯកឧត្តមបានបន្ថែមថា កម្ពុជាក៏កំពុងពង្រឹងលើកកម្ពស់សកម្មភាពដំណោះស្រាយបែបធម្មជាតិ (Nature-based Solutions), ការស្តារដីខូចខាត ការពារព្រៃឈើ និងលើកកំពស់ជីវភាពប្រជាជន។ ឯកឧត្តមបានស្វាគមន៍មូលនិធិ Tropical Forest Forever Facility និង មូលនិធិសម្រាប់ឆ្លើយតបនឹងការខូចខាតនិងបាត់បង់ (Fund for Loss and Damage) ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ។
កម្ពុជាអំពាវនាវឲ្យមាន ហិរញ្ញប្បទានអាកាសធាតុ មានពាពងាយស្រួលទទួលយក និងអាចទុកចិត្តបាន ដើម្បីជំរុញសកម្មភាពអាកាសធាតុជាសកល។





