ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូសិក្សាពីនវានុវត្តន៍បញ្ញាសប្បនិម្មិត និងប្រព័ន្ធក្លោដនៅទីក្រុងប៉េកាំង


រដ្ឋធានីប៉េកាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរបានបង្ហាញពីសមត្ថភាពនៃមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលជំរុញដោយ AI សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យអប់រំ សុខាភិបាល និងផលិតកម្មជាដើម។

ក្រុមហ៊ុនទាំងពីរក៏បានបង្ហាញពីសមត្ថភាពជំនាន់ថ្មីនៃមជ្ឈមណ្ឌលទិន្នន័យជំរុញដោយ AI របស់ខ្លួន ដែលអាចបង្រៀនគំរូ AI ដោយប្រើទិន្នន័យធំ (large-scale model training) រហូតដល់ការដំណើរការទិន្នន័យប្រសិទ្ធភាពខ្ពស់ សម្រាប់គាំទ្រឧស្សាហកម្ម បង្កើនផលិតភាព ពង្រឹងការផ្តល់សេវាសាធារណៈ និងជំរុញនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរសិក្សាឱកាសវិនិយោគនៅកម្ពុជា និងចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ របស់កម្ពុជា នៅខែមីនា ឆ្នាំ២០២៦ ពិសេសនាំយកការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជាក់ស្តែងដល់ឧស្សាហកម្ម និងសហគមន៍នៅកម្ពុជា។