ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣០៣៣ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការកោតសរសើរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួន និងចូលរួមបម្រើសេវាថែទាំ និងព្យាបាលដល់កងទ័ពនៅតាមតំបន់ព្រំដែនដែលផ្ទុះអាវុធ និងប្រជាជន ដែលរងគ្រោះដោយការរំលោភបំពានពីភាគីថៃ ដែលថ្មីៗនេះ ធ្វើឱ្យប្រជាជន ១រូបស្លាប់ និង៣នាក់ ទៀតរងរបួសហើយត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា ភាពរឹងមាំ នៃប្រពន្ធ័សុខាភិបាល ដែលយើងទទួលបាននាពេលនេះ កើតឡើងដោយសារមន្រ្តីសុខាភិបាលគ្រប់រូបៗ ចូលរួមចំណែកជួយដឹកនាំដឹកនាំវិស័យសុខាភិបាល ហើយឯកឧត្តមសាស្រ្តាចារ្យមានសង្ឍឹមថា កម្រិតនៃភាពជាអ្នកដឹកនាំ របស់មន្រ្តីសុខាភិបាលនៅទូទាំងប្រទេសនឹងបន្តរកើនឡើង ដែលធ្វើអោយមន្ត្រីយើង អាចពង្រើកលទ្ធភាពដឹកនាំនៅក្នុងវិស័យនេះ និងវិស័យផ្សេងៗទៀតនាពេលអនាគត។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នា នៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារក្នុងការងារដឹកនាំក្រៅពីការបម្រើសេវាសុខាភិបាល។ ការដឹកនាំនោះអាចកើតមាននៅតាម មណ្ដលសុខភាព ស្រុកប្រតិបត្តិ រហូតដល់ការដឹកនាំនៅថ្នាក់រាជធានី ខេត្ត និងនៅថ្នាក់ជាតិ។ ភាពជាអ្នកដឹកនាំកាន់តែសំខាន់ថែមទៀតដោយសារ ជាការដឹកនាំមួយប្រភេទដែលទាក់ទងនឹងការកំណត់គោលនយោបាយ ដែលអាចប៉ះពាល់សុខមាលភាពរបស់ប្រជាជនច្រើន ហើយការដឹកនាំវិស័យសុខាភិបាល ជាវិស័យមួយដែលទាក់ទងនឹងប្រជាជនគ្រប់រូប ដែលតម្រូវឱ្យអ្នកដឹកនាំត្រូវធ្វើការក្នុងភាពប្រាកដប្រជា និងមានយន្តការក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបន្តចែករំលែក លើប្រធានបទវិចារវិជ្ជាសម្ភារនិយម និងបានណែនាំឱ្យមន្រ្តីទាំងអស់យកចំណេះដឹងពីវគ្គនេះ ទៅរៀបចំជាយន្តការសម្រាប់ធ្វើការពិចារណា ដើម្បីឆ្លុះបញ្ចាំង និងធ្វើការហ្វឹកហាត់ ការគិតរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈជាការគិតបែបគតិបណ្ឌិត។
ក្នុងឱកាសនេះដែរ ក្រុមការងារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចែករំលែកនូវបទពិសោធន៍ នៃការដឹកនាំមន្ទីរពេទ្យឱ្យមានការរីកចំរើនខ្លាំងចាប់ពីឆ្នាំ២០១៥មក។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់ជូន និងរំលឹកចំណុចចម្បងៗសម្រាប់កែលម្អសេវាសុខាភិបាល នៅពេលដែលប្រទេសកម្ពុជាកំពុងវិវត្តន៍ទៅជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគតរួមមាន៖ (១) ការបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ (២) ការប្រើប្រាស់បញ្ញាដោយភាពស្មោះត្រង់បំផុត និង (៣) ការបង្កើតឱ្យមានឧត្តមភាព នៃសេវាថែទាំ និងព្យាបាល ដែលប្រការទាំង៣នេះនឹងឈរលើមូលដ្ឋាន នៃ ធនធានសមស្រប ដោយសន្សំសំចៃ និងភាពរួបរួមគ្នាជាធ្លុងមួយរវាង ថ្នាក់ដឹកនាំ និងបុគ្គលិក នៅតាមមន្ទីរពេទ្យ សំដៅរក្សាទំនុកចិត្តខ្ពស់ពីគ្រប់បងប្អូនដែលមកទទួលសេវាសុខភាព៕





