ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ កំពុងគំរាមកំហែងពលរដ្ឋ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង អភិបាលខេត្ត ជម្លៀសពលរដ្ឋដែលប្រឈមខ្លាំងទៅកាន់ទីទួលមានសុវត្ថិភាព


(ពោធិ៍សាត់)៖ ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស។

ជាក់ស្តែងនាវេលាម៉ោង ០២ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។

ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិចចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចបង្កគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។

ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ផងដែរ៕