ចេញពីការឈឺចាប់ និងភ័យខ្លាចដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃពីសំណាក់ទាហានថៃមកលើអធិបតេយ្យភាពជាតិ និងការបាញ់ប្រហារបណ្តាលឱ្យមានពលរដ្ឋស្លាប់ និងរងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារនៅភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានបង្ខំចិត្តភាសសឹកដោយបោះបង់ចោលទ្រព្យសម្បត្តិ និងការសិក្សារបស់កូនចៅ។ យ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កូនក្មួយប្រជាពលរដ្ឋភៀសសឹកទាំងនោះបានទទួលនូវក្ដីសង្ឃឹមសារជាថ្មីក្នុងវិស័យអប់រំ។
ការគិតគូរដល់អនាគតនៃការសិក្សារបស់កុមារដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន គឺជាអាទិភាពមួយដែលត្រូវបានលើកឡើងដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្នវត្តចន្ទស៊ីរតនារាម ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការគិតគូរដល់ការសិក្សារបស់កូនក្មួយប្រជាពលរដ្ឋដែលបានភៀសសឹក គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។ ពួកគេបានគិតគូរមិនត្រឹមតែពីជីវភាព និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងគិតគូរពីអនាគតកូនចៅប្រជាពលរដ្ឋយើងទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្នវត្តចន្ទស៊ីរតនារាម ត្រូវនាំកូនចៅចុះឈ្មោះចូលរៀនសម្រាប់កម្រិតបឋមសិក្សានៅសាលារៀនដែលមាននៅទីនោះ ដោយអាជ្ញាធរបានចាត់ចែងយកគ្រូបង្រៀនមកពីភូមិព្រៃចាន់ផ្ទាល់តែម្តងដើម្បីបង្រៀន។
ក្រៅពីបានចែកជូនសម្ភារសិក្សាដល់កូនក្មួយសិស្សានុសិស្ស ឯកឧត្តម អ៊ុំ រាត្រី ក៏បានឱ្យដឹងបន្ថែមថា អាជ្ញាធរកំពុងស្វះស្វែងរកសម្លៀកបំពាក់ដើម្បីចែកជូនដល់កូនៗសម្រាប់ស្លៀកពាក់ចូលរៀនឱ្យបានសមរម្យផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ដើម្បីធានាថាការសិក្សារបស់កុមារមិនត្រូវផ្អាកដោយសារវិបត្តិសង្គ្រាមឡើយ។
បន្ទាប់ពីបានទទួលនូវការយកចិត្តទុកដាក់ដ៏កក់ក្តៅ និងការសម្របសម្រួលយ៉ាងល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត-ស្រុក និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនភៀសសឹកខ្មែររាប់ពាន់គ្រួសារ ដែលបានមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តចន្ទស៊ីរតនារាម បានសម្តែងនូវភាពធូរស្បើយ និងការដឹងគុណយ៉ាងខ្លាំង។
ប្រជាពលរដ្ឋភៀសសឹកម្នាក់បានថ្លែងទាំងក្តីរំភើបថា “ពួកខ្ញុំពិតជាអរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានជួយដល់ពួកខ្ញុំគ្រប់បែបយ៉ាង មិនថាកន្លែងស្នាក់នៅ ម្ហូបអាហារ និងសុវត្ថិភាព។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺការជួយបង្កលក្ខណៈឧបត្ថម្ភគ្រប់បែបយ៉ាងដល់កូនចៅពួកខ្ញុំឱ្យបានចូលរៀននៅសាលារៀនក្នុងមណ្ឌលសុវត្ថិភាពនេះទៀតផង។ ពួកខ្ញុំលែងបារម្ភពីអនាគតការសិក្សារបស់កូនទៀតហើយ”។
តាមរយៈប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋភៀសសឹក បានបង្ហាញថា ការដាក់ចេញនូវវិធានការដោះស្រាយបញ្ហាសិក្សារបស់កូនក្មួយប្រជាពលរដ្ឋភៀសសឹក គឺជាសកម្មភាពមនុស្សធម៌ដ៏ជ្រាលជ្រៅមួយ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយដឹកនាំប្រកបដោយចក្ខុវិស័យ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនមើលរំលងអនាគតធនធានមនុស្ស ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី។ នេះគឺជាសារមួយយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលនឹងបន្តការពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង៕



