ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្ដីពីអភិបាលកិច្ចទឹកនៅព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ-CDRI) ក្រោមការគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នៅសាលប្រជុំនៃសណ្ឋាគារអ៊ូកវូដព្រីមៀរភ្នំពេញ។

សូមជម្រាបថា កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់នាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានជាច្រើនរូប។ កិច្ចសន្ទនាប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ចំនួនពីរគឺ អភិបាលកិច្ចទឹក និងសេវាទឹកស្អាតនិងអនាម័យ ដើម្បីរួមចំណែកដល់ការយល់ដឹងពីផលបច្ច័យនៃសន្តិសុខទឹក ភាពមិនប្រាកដប្រជានៃអាកាសធាតុ និងការដោះស្រាយបញ្ហាប្រឈមនានា។

ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនៅក្នុងទន្លេមេគង្គនិងបឹងទន្លេសាប តួនាទីនៃទិន្នន័យនិងចំណេះដឹងក្នុងការរៀបចំគោលនយោបាយ និងតម្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមអ្នកគ្រប់គ្រងនិងប្រើប្រាស់ទឹក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដែលនឹងទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធន៍ ការផ្លាស់ប្ដូរនូវមតិយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការតាក់តែងគោលនយោបាយ និងលើកកម្ពស់ការពិភាក្សាលើបញ្ហារួមថ្នាក់តំបន់ ជាពិសេសអំពីសន្តិសុខទឹក ការពង្រឹងអភិបាលកិច្ចទឹក និងការកែលម្អការផ្តល់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា៕