ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge), ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ប្រាប់ពិភពលោកថា ប្រទេសកម្ពុជាបានអនុម័តផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម (National Cooling Action Plan) ដ៏ទូលំទូលាយ ដោយបានរួមចំណែកដោះស្រាយបញ្ហាតម្រូវការសារធាតុត្រជាក់នៅក្នុងអគារ ខ្សែច្រវ៉ាក់ផលិតអាហារត្រជាក់ និងកន្លែងថែទាំសុខភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សសរស្តម្ភជាមូលដ្ឋាននៃផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម គឺជាយុទ្ធសាស្ត្រត្រជាក់អកម្ម ដើម្បីកាត់បន្ថយតម្រូវការកំដៅ និងភាពត្រជាក់ដោយការរចនា មុនពេលពឹងផ្អែកលើប្រព័ន្ធមេកានិច។
ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ភាពត្រជាក់អកម្មកំពុងការពារសហគមន៍រួចហើយក្នុងអំឡុងពេលរលកកំដៅកើនឡើង ដោយបានជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថាមពលរបស់យើង និងជៀសវាងតម្រូវការដែលមិនមានភាពចាំបាច់ ក្នុងនោះយើងបានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងបទពិសោធន៍របស់កម្ពុជា ហើយក៏សូមស្វាគមន៍ភាពជាដៃគូរផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនភាពត្រជាក់អកម្មនៅទូទាំងប្រទេសអាស៊ាន និងពិភពលោក។
គួរបញ្ជាក់ថា វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដកិច្ចសន្យាភាពត្រជាក់អកម្មសកល(The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COPs) ដើម្បីវាយតម្លៃពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការអនុវត្ដសកម្មភាពភាពត្រជាក់អកម្ម ក្នុងការចូលរួមកាត់បន្ថយការកើនឡើងឧស្ម័នផ្ទះកញ្ចក់ឱ្យបានយ៉ាងតិច ៦៨% នៅឆ្នាំ២០៥០៕











