ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៧%


នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ បានចាប់ផ្តើមការដ្ឋានក្នុងខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦។ គម្រោងនេះគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧៧%។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ លើដងស្ទឹងសែនផ្នែកខាងក្រោម បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សាក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន មានសក្តានុពលបម្រើឱ្យពហុវិស័យ ជាពិសេស ការងារស្ដុកទឹក ការងារស្រោចស្រពវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោមនារដូវវស្សា៕