ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំ Kick off Meeting ស្តីពីការត្រួតពិនិត្យគម្រោងការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ នៃក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី


នាថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ Kick off Meeting ស្តីពីការត្រួតពិនិត្យគម្រោងការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២(IWRM2)លើប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តគោលដៅ នៃក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Lance Gore ប្រធានក្រុមបេសកកម្ម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិ អន្តរជាតិ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ ជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រធានមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមសហការផ្តល់ ទិន្នន័យឱ្យបានពេញលេញ និងផ្តល់នូវរាល់ព័ត៌មានដែលជាតម្រូវការរបស់ក្រុមបេសកកម្ម ដោយធ្វើយ៉ាងណាគិតគូរខ្ពស់លើការធ្វើទំនើបកម្ម និងការកែលម្អប្រព័ន្ធធារាសាស្ត្រឱ្យក្លាយជាប្រព័ន្ធគ្រប់ជ្រុងជ្រោយ រួមចំណែកដល់ការអភិវឌ្ឍនៅតំបន់ប៉ូលសេដ្ឋកិច្ចទីបួន(EPole4)។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បេសកកម្មនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យប្រតិភូដៃគូទទួលបាននូវធាតុចូលនៃព័ត៌មានជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើនសន្តិសុខទឹក និងការគ្រប់គ្រងធនធានទឹកសម្រាប់ប្រើប្រាស់តាមតម្រូវការគ្រប់ពេលវេលា ហើយបញ្ចៀសបាននូវការជន់លិច និងគ្រោះរាំងស្ងួត៕