ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ដល់មន្ដ្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម។
ដោយអនុវត្តតាមផែនការសកម្មភាពការងាររបស់គណៈកម្មាធិការ និងទទួលបានការអនុញ្ញ្ញាតពីលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន បានឱ្យដឹងថា ពិធីផ្សព្វផ្សាយថ្ងៃនេះ មានការចូលរួមពីលោក លោកស្រី អភិបាលរង តំណាងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ប្រធានមន្ទីរនិងប្រធានអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការ សរុប៤១៥នាក់។
ប្រធានលេខាធិការដ្ឋាន បានបន្ដថា កម្មវិធីផ្សព្វផ្សាយនេះ គឺសកម្មភាពឆ្លើយតប ទៅនឹងសុចនាករទាំងគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចនូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ប្រធានលេខាធិការដ្ឋាន បានអះអាងថា ឆ្លើយតបទៅនឹងគោលការណ៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កម្មវិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពការងាររបស់គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោកបានគូសបញ្ជាក់ថា សម្រាប់ឆមាសទី២ និងត្រីមាសទី៤ ឆ្នាំ២០២៥នេះ គណៈកម្មាធិការបានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ បានចំនួន១៥លើក គិតទាំងលើកនេះ ដែលមានមន្ត្រីរាជការ ទទួលបានចំណេះដឹងជាង ៤,០០០នាក់ ដោយពុំទាន់អំពីគិតពីចំនួន នៃការទទួលចំណេះដឹងនានាតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឱ្យមានការឆ្លើយតបជាពហុវិសយ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។ ក្នុងន័យនេះការងារបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗ មានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថា គ្មានអ្នកប្រើគ្រឿងញៀន គឺគ្មានទីផ្សារ គ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ។ ដូច្នេះ ការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ជាការសម្រេចចិត្តមិនពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀន ពីខ្លួនយើងម្នាក់ៗឈានទៅបង្កើតបានជាក្រុមគ្រួសារមួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និងសហគមន៍មួយ គ្មានគ្រឿងញៀន។
ផ្តើមចេញពីទស្សនាទាននេះ កម្មវិធីផ្សព្វផ្សាយក្នុងពេលនេះ បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖
១- បានផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
២- ណែនាំឱ្យរដ្ឋបាលភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ដើម្បីជំរុញ អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យឈានដល់ការអនុវត្តគោលការណ៍សម្អាតចកចេញពីបឹងឱ្យស្អាតអស់ពីមូលដ្ឋាន
៣- ជំរុញឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាញយក និងផ្សព្វផ្សាយបន្តនូវកម្មវិធីទូរសព្ទដៃ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រើប្រាស់
៤- ធ្វើបទបង្ហាញនិងចែករំលែកចំណេះដឹងជាមូលដ្ឋាននិងផលប៉ះពាល់នៃគ្រឿងញៀន៕













