លោក Lee Jae-myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះសារអបអរសាទររបស់សម្ដេចតេជោ ក្នុងឱកាសខួបលើកទី៤៣៥៧ នៃទិវាជាតិបង្កើតសាធារណរដ្ឋកូរ៉េ។
ក្នុងសារលិខិតបានសរសេរថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរ ចំពោះសារអបអរសាទរដ៏កក់ក្តៅរបស់ សម្តេចតេជោ ក្នុងឱកាសខួបលើកទី៤៣៥៧ នៃទិវាជាតិ បង្កើតសាធារណរដ្ឋកូរ៉េ។
ជាមួយនឹងការកត់សម្គាល់ដោយសេចក្តីពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបន្តនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ខ្ញុំទន្ទឹងរង់ចាំពូនជ្រំបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីរបស់យើង។
នៅចំពោះមុខសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានការផ្លាស់ប្តូរចាប់រហ័ស ខ្ញុំសង្ឃឹមថា ប្រទេសយើងទាំងពីរនឹងបន្តសម្របខ្លួនទៅនឹងការវិវត្តន៍នេះដោយភាពវាងវៃ ដោយធ្វើការ យ៉ាងជិត ស្និទ្ធជាមួយគ្នាលើវិស័យជាច្រើន។ ខ្ញុំសូមគោរពស្នើសុំ សម្តេចតេជោ បន្តយកចិត្តទុកដាក់ និងគាំទ្រ ដល់ការជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
សូមគោរពជូនពរ សម្តេចតេជោ សូមមានសុខភាពល្អ និងសុខសុភមង្គល និងសូមកម្ពុជា ប្រកបដោយអនាគតចម្រើនលូតលាស់ ពោរពេញដោយវិបុលភាពយូរអង្វែង»៕



