ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នាឱកាសនោះដែរ លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ អ៊ីស្រាអែល-កម្ពុជា។
លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម បានបញ្ជាក់ថា៖ លោកស្រីមានកិត្តិយសណាស់ដែលបានមកធ្វើឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានថ្វាយសាតាំងព្រះករុណាតម្កល់ជីវិតលើត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
លោកស្រីក៏បានទូលថ្វាយករុណាតម្កល់ជីវិតលើត្បូងផងដែរពីការកត់សំគាល់របស់លោកជំទាវរយៈពីរបីឆ្នាំចុងក្រោយនេះទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ក្នុងនោះប្រទេសទាំងពីរ អ៊ីស្រាអែល-កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលលើវិស័យកសិកម្ម និងការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌។ ទន្ទឹមនឹងនោះ លោកស្រីបានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលកម្ពុជាដែលបានឱ្យនិស្សិតកម្ពុជា បន្តសិក្សារៀនសូត្រអំឡុងពេលប្រទេសអ៊ីស្រាអែលរងការវាយប្រហារដោយពួកក្រុមហាម៉ាស់នាពេលកន្លងទៅ។
ជាការឆ្លើយតបលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា ជំនួបពិភាក្សាការងារនេះ ជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ។ លោកបានសង្ឃឹមថា ជំនួបពិភាក្សាការងារ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជន យើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំងឯកអគ្គរាជទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៊ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយ លោកសង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា សូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកស្រីឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៉ីស្រាអែល។ម្យ៉ាងវិញទៀតឯកឧត្តម សូមអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលផ្តល់អាហារូបករណ៍រយៈពេលខ្លីប្រមាណ១១ខែ ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសមួយពោរពេញដោយសក្តានុពលឈានមុខគេក្នុង វិស័យកសិកម្ម។ គិតចាប់ពីឆ្នាំ២០០៨ដល់២០២៥ កម្ពុជាបានបញ្ជូននិស្សិតចំនួន ២,១២៣នាក់ ទៅសិក្សាជំនាញកសិកម្មនៅ អ៊ីស្រាអែល។ សម្រាប់ឆ្នាំ២០២៥ ដល់២០២៦ មាននិស្សិតកម្ពុជាសរុបចំនួន១៥៤នាក់ (ស្រី២៧នាក់) ដែលកំពុងសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។
ទន្ទឹមនឹងនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិតបានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ីងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ។
ជាថ្មីម្ដងទៀត លោកកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និងអ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។លោកបានលើកទឹកចិត្ត និងសំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈក្រសួងការបរទេសក៏ដូចជា លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការស្វែងរកការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលមានស្រាប់និងវិស័យអាទិភាពខ្ពស់របស់ប្រទេសទាំងពីរ ដូច ជាវិស័យកសិកម្ម និងការគ្រប់គ្រងទឹក, វិស័យនវានុវត្តន៍ បច្ចេកវិទ្យា និងការអប់រំ និងវិស័យការងារជាដើម៕














