(ហ្សាកាតា-ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៥៩ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៦០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំនេះ លោកបានបង្ហាញអំពីលទ្ធផលការងាររបស់អនុគណៈកម្មាធិការវប្បធម៌ (SCC) ដែលតំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អនុគណៈកម្មាធិការព័ត៌មាន (SCI) ដែលតំណាងដោយក្រសួងព័ត៌មាន។
ក្នុងវិស័យព័ត៌មាន SCI សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើគម្រោងអភិបាលកិច្ចឌីជីថល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ខណៈដែលវិស័យវប្បធម៌ SCC សម្រេចបានលទ្ធផលលើគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ ពង្រីកឱកាសសេដ្ឋកិច្ចច្នៃប្រឌិត និងលើកកម្ពស់អត្តសញ្ញាណតំបន់។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីបេសកកម្ម ដែលកម្ពុជាបានបំពេញក្នុងអាណត្តិរបស់ខ្លួនក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI លើកទី៥៩ ដើម្បីធានាបាននូវការលើកកម្ពស់តួនាទីនៃវប្បធម៌ និងព័ត៌មាន ក្នុងការពង្រឹងសាមគ្គីភាពអាស៊ាន ក្នុងយុគសម័យឌីជីថល។
ឯកឧត្តម ប្រាក់ ថាវអមិថា បានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រីក និងគាំទ្រមូលនិធិ និងកិច្ចសហប្រតិបត្តិការតាមវិស័យផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ ASEAN-COCI លើកទី៦០ បានយ៉ាងល្អឥតខ្ចោះ និងពិធីជប់លៀង ASEAN-COCI 2025 Jubilee Fiesta ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើររួមគ្នា។ នៅពេលកម្ពុជាចាប់ផ្តើមធ្វើជាប្រធាន ASEAN-COCI លើកទី៥៩ នៅទីក្រុងភ្នំពេញ កាលពីឆ្នាំមុន បានកំណត់បេសកកម្មរបស់យើង បែបសាមញ្ញប៉ុន្តែទាមទារតម្រូវការខ្ពស់៖ ដើម្បីធានាថា វប្បធម៌និងព័ត៌មាន នៅតែបន្តតួនាទីជាកម្លាំងជំរុញឱ្យមានសាមគ្គីភាពនៅតំបន់អាស៊ាន ក្នុងយុគសម័យឌីជីថលដែលកំពុងមានការរីកចម្រើន និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕






