នាព្រឹកថ្ងៃពុធ១៣កេីត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត សរុបវត្តមានប្រមាណ១៥០នាក់។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្រោមវត្តមានរបស់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រដ្ឋលេខាធិការ នាឱកាសនេះ គឺពិតជាបាន បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទាំងអស់ ឲ្យកាន់តែបន្តកិច្ចសហការ និងខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តឲ្យកាន់តែមានការរីកចម្រើន ឆ្លើយតបទៅនឹងក្របខ័ណ្ឌ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យនេះ គឺជាកត្តាលីករដ៏ចម្បង គាំទ្រដល់ដំណើរការឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល ដូចមានគូសរំលេចនៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។
ឯកឧត្តមបន្ថែមថា ជាមួយ នឹងការចូលរួមអបអរសាទរចំពោះលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀងថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ទាំងក្នុងរយៈកាល នៃការដឹកនាំ របស់លោក គង់ សេរីវុធ អតីតប្រធានមន្ទីរដែលដល់អាយុចូលនិវត្តន៍ និងក្នុងអំឡុងពេល អន្តរកាលក្រោមការដឹកនាំរបស់លោកស្រី ស្រី វណ្ណរ៉េន កន្លងមក បានយកអស់កម្លាំងកាយចិត្ត ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាបាននូវនិរន្តភាព នៃការដឹកនាំការអនុវត្តការងារប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល គោលការណ៍ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់ មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍ និងលើក កម្ពស់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្ត ឲ្យមានការរីកចម្រើន ជាពិសេស ក្នុងការជួយសម្របសម្រួល និងចូលរួមសហការក្នុងការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ករណីលួចលាក់ និងបង្កប់សារធាតុញៀននៅក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ដែលធ្លាប់បាន កើតមានឡើងនៅក្នុងខេត្តរបស់យើងនាពេលកន្លងមក ។
យោងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក សុខ សីហា អត្តលេខ ១៨៩២០០០០៩២ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ ២ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក គង់ សេរីវុធ ដែលបានចូលនិវត្តន៍។។










































