រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែង ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិន ក្រោយប្រទេសថៃចាប់ខ្លួន ដោយខុសច្បាប់


អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូត ដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថកងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។

ការគូសបញ្ជាក់ខាងលើ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន។

សេចក្តីថ្លែងការដដែល បានបន្តថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្ដល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យយោធិន ដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នា ក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់កម្ពុជា និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមានការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។