(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានលើកទឹកចិត្តឱ្យក្រសួង–ស្ថាប័នពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសហការយ៉ាងជិតស្និត ដើម្បីធានាថាប្រព័ន្ធគាំពារសង្គមកម្ពុជាអាចបំពេញតួនាទីបានប្រសើរឡើង មានស្វ័យប្រវត្តិកម្ម និងមានតម្លាភាពខ្ពស់ជាងមុន។
ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួល «ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ»។
ពិធីនេះបាននេះបានធ្វើឡើងនៅសាលាខេត្តកំពង់ធំ នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ, តំណាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ, តំណាងមូលនិធិជាតិជំនួយសង្គម, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តកំពង់ធំ, ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនប្រមាណ ៣០០ នាក់ ពីឃុំ/សង្កាត់ទាំង ៨១ នៃខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា តាមរយៈថ្នាល DSPP និងឧបករណ៍ឌីជីថលដែលបានប្រគល់ជូន នឹងជួយលើកកម្ពស់សមត្ថភាពសេវាសាធារណៈ និងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា មានភាពធន់ និងឆ្លើយតបទាន់ពេលចំពោះគ្រោះអាសន្ន។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬហៅកាត់ថា DSPP ដែលជាថ្នាលឌីជីថលរួមបែប សមាហរណរបស់រាជរដ្ឋាភិបាល គឺជាការបោះជំហានមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា និងជាបង្គោលចរមួយដ៏សំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្តជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។
ថ្នាលឌីជីថលរួមនេះ បានធ្វើសុខដុមនីយកម្មកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមចំនួន ១០កម្មវិធី ហើយបានបំពាក់មុខងារបន្ថែមសំខាន់ៗដូចជា៖ (១) មុខងារ Fast Search សម្រាប់ស្វែងរកអត្តសញ្ញាណអ្នកទទួលផលបានរហ័ស តាមរយៈលេខសម្គាល់មួយណាក៏បាន (អត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណជនពិការ, បណ្ណ ប.ស.ស.) ឬត្រឹមតែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ (ទិន្នន័យជីវមាត្រ) (២) មុខងារ OCR ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យក និងបំលែងតួអក្សរលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបំពេញទិន្នន័យចូលក្នុងប្រតិបត្តិការចុះបញ្ជីដោយស្វ័យប្រវត្តិ, (៣) SP Connect សម្រាប់ភ្ជាប់ប្រព័ន្ធចុះបញ្ជីនានាទៅកាន់ថ្នាលឌីជីថលរួមតែមួយ ឱ្យមន្ត្រីអាចចូលប្រើបានគ្រប់កម្មវិធី ឬសេវាគាំពារសង្គម មិនចាំបាច់មានគណនីច្រើន និងមុខងារសំខាន់ៗដទៃទៀត។
ដើម្បីគាំទ្រដល់ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្ដល់ជូនឧបករណ៍សម្ភារៈឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ។ ឧបករណ៍ទាំងនេះរួមមានកុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ និងមានភាពធន់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូចបន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។
ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល៕

























