ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ជាកម្មវិធីមួយដែលក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការគ្នាក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ កម្មវិធីនេះ ត្រូវបានអនុវត្ត និងទទួលស្គាល់អង្គភាពដែលលេចធ្លោ និងទទួលបានចំណាត់ល្អជាងគេជារៀងរាល់ឆ្នាំ។ ដោយឡែក ក្នុងគោលដៅដើម្បីផ្តល់ឱកាសដល់អង្គភាពដែលមិនទាន់បានជាប់ជ័យលាភី ឬស្ថិតក្នុងចំណាត់ថ្នាក់ទាប គណៈកម្មការបានបង្កើតវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល»។
វគ្គបណ្តុះបណ្តាលនេះ ផ្តល់ឱកាសដល់ប្រធាន ឬថ្នាក់ដឹកនាំអង្គភាពនៃវិស័យទាំង២ បានយល់ដឹងអំពីនវានុវត្តន៍ និងចំណេះដឹងថ្មីៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ។ វគ្គបណ្តុះបណ្តាលក៏មានផ្តល់ជូនថវិកាចន្លោះពី ៨លានទៅ ១៦លានរៀល សម្រាប់អនុវត្តគម្រោងនវានុវត្តន៍ ក្នុងអង្គភាពរបស់សិក្ខាកាម។
ក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការគិតគួរបែបនេះ មិនត្រឹមតែជាវិធីសាស្ត្រ ដើម្បីបំផុសឱ្យមានការចូលរួមទាំងអស់គ្នាតែប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱកាសឱ្យបានចូលរួមប្រកួតប្រជែងស្មើរៗគ្នាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “យើងបានសង្កេតឃើញថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស។ ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។”







