ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន ៣០០កេស និងសម្ភារមួយចំនួន ជូនមណ្ឌលអប់រំកែប្រែទី២ ដើម្បីចែកជូនស្រ្តីជាប់ឃុំ និងកុមារដែលនៅជាមួយម្ដាយ


លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំសមាជិកាកិត្តិយសសមាជិកា នៃសមាគម នាំយកអង្ករវីតាមីន ៣០០កេស និងសម្ភារមួយចំនួន ដែលជាអំណោយរបស់សមាជិកា និងសប្បុរសជន ជូនមណ្ឌលអប់រំកែប្រែទី២ ដើម្បីចែកជូនដល់ស្រ្តីជាប់ឃុំ និងកុមារដែលនៅជាមួយម្ដាយ។

នាឱកាសនោះលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានលើកឡើងពីប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនចំពោះបងប្អូនអនុរក្សពន្ធនាគារ និងជនជាប់ឃុំជាពិសេសស្ត្រី និងស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ឃុំ។

លោកជំទាវបានលើកទឹកចិត្តស្ត្រីថែទាំសុខភាព និងបន្តខិតខំប្រឹងប្រែងតស៊ូកសាងសមត្ថភាព និងជំនាញច្បាស់លាស់ ដើម្បីមានមុខរបរសមរម្យសម្រាប់កសាងជីវិតសាជាថ្មី ក្រោយពីបញ្ចប់ការអនុវត្តទោសទណ្ឌរួច៕