សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារថ្លែងអំណរគុណលោក Om Biria ប្រធានសភាប្រជាជន (រដ្ឋសភា) សាធារណរដ្ឋឥណ្ឌា ចំពោះសារអបអរសាទរដ៏កក់ក្ដៅរបស់លោក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរ ចំពោះសារអបអរសាទរដ៏កក់ក្ដៅរបស់ឯកឧត្តម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា បានផ្សារភ្ជាប់គ្នាជាមួយនឹងទំនាក់ទំនងដែលចាក់ឫសយ៉ាងជ្រៅ តាមរយៈវប្បធម៌ ទំនៀមទម្លាប់ សាសនា និងអរិយធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជួយឱ្យទំនាក់ទំនងទ្វេភាគី បន្តនូវភាពរឹងមាំ និងរីកចម្រើនដោយផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រជាជាតិយើងទាំងពីរ។
ខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើរដែលមានស្រាប់ រវាងប្រទេសទាំងពីរ មិនថាអន្តរសភា ឬទ្វេភាគី ផ្អែកលើស្មារតីនៃការជឿជាក់គ្នា សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលការណ៍នេះ បម្រើនូវឧត្តមប្រយោជន៍ប្រជាជនទីទៃរបស់យើង។
សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរឱ្យឯកឧត្តម បន្តទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យជាបន្តបន្ទាប់ និងសូមឱ្យប្រជាជននៃសាធារណរដ្ឋឥណ្ឌា បន្តទទួលបាននូវសន្តិភាព សុភមង្គល និងវិបុលភាព»៕




