សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានក្រាបបង្គំទូលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសារលិខិត បានសរសេរថា «តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើការងារ នៅព្រះបរមរាជវាំងទាំងអស់ ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយ សមុទ្រ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ការយាងចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញអំពីព្រះរាជគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចូលរួមចំណែក ដ៏ធំធេងក្នុងការលើកកម្ពស់ចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ ជាពិសេសបានយាងដង្ហែ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្ស មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ ពង្រឹង និងជំរុញការប្រើបា្រស់ភាសាបារាំង ព្រមទាំងកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុង្គឧត្តមបំផុត ជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ ជាន់ខ្ពស់កំពូលនៃសាធារណរដ្ឋបារាំងជាច្រើនជំនាន់ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជា កូនចៅ ចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ»៕






