សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ​បានទូលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសារលិខិត បានសរសេរថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវមនោសញ្ចេតនា ប្រកបដោយអភិនន្ទនាការសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចូលជាសមាជិក សមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវកតញ្ញូតាធម៌ យនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណាទិគុណរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង រស់ជីវិតលើត្បូង។ ក្នុងការសម្រេចព្រះទ័យយាងចូលជាសមាជិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្របារាំង (Académie des sciences) ដែលជាស្ថាប័នវិទ្យាសាស្ត្រដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញបង្កើតឡើងតាំងពីឆ្នាំ ១៦៦៦ នៃគ្រិស្តសករាជ។ ការយាងចូលជាសមាជិកសមាគតដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែផ្តល់នូវព្រះកិត្តិយស ខ្ពង់ខ្ពស់ស្រប តាមព្រះកិត្តិគុណវុឌ្ឍដ៏ល្បីល្បាញរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដល់ស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏កម្រក្នុងការបើកស្ទួយនូវកិត្យានុភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ឱ្យទទួលបាននូវកិត្តិសព្ទកាន់តែល្បីល្បាញនៅលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ ទូលបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសព្រះបារមី នៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំង ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទាន ព្រះរាជសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិលើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះសេយ្យភក្តីភាព និងអភិវន្ទនកិច្ចដ៏ ខ្ពង់ខ្ពស់បំផុតពីខ្ញុំម្ចាស់ ទូលបង្គំយើងខ្ញុំទាំងអស់គ្នា»៕