ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារបច្ចេកទេស និងការរៀបចំផែនការអនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់


នារសៀលថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំកិច្ចប្រជុំស្តីពីការងារបច្ចេកទេស និងការរៀបចំផែនការអនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្មប្រកបដោយភាពធន់(CAISAR) ក្រោមសហហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF)។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានវត្តមានចូលរួមពីក្រុមការងារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Xiaolan Wang និងលោកបណ្ឌិត Rajesh Yadav និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ដឹកនាំដោយលោក Frew Behabtu ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំគឺផ្តោតទៅលើសំណុំការងាររួមមាន ការងារលទ្ធកម្ម ការងារដោះស្រាយផលប៉ះពាល់និងបរិស្ថាន ការងារហិរញ្ញវត្ថុ និងការងាររៀបចំផែនការអនុវត្តន៍ជាដើម ដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសរបស់គម្រោង ព្រមទាំងរៀបចំផែនការបន្ស៊ីគ្នា ក្នុងការអនុវត្តគម្រោងប្រកបដោយភាពរលូន និងជោគជ័យទៅតាមលទ្ធផលរំពឹងទុកនៅក្នុងខេត្តចំនួនបួនគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនប្រមាណ ៥៦២០០០នាក់ តាមរយៈការវិនិយោគលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ៕