ក្រសួងអប់រំ៖ គិតមកត្រឹមថ្ងៃទី៩ ខែធ្នូ សាលារៀន ៥១៤កន្លែង បានបិទទ្វារធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់


ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ខេត្តដែលបានបិទទ្វារសាលារួមមាន៖

ទី១៖ ខេត្តព្រះវិហារ នៅស្រុកជាំក្សាន្ត ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន៦១ ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។

ទី២៖ ខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុងដែលធ្វើឱ្យសាលារៀនចំនួន២៦០ ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ៥៥,៧៣១នាក់ គ្រូបង្រៀនចំនួន ២,៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន៨ ក្រុងសំរោងចំនួន១២ ស្រុកអន្លង់វែង ចំនួន៤ និងស្រុកត្រពាំងប្រាសាទចំនួន៨។

ទី៣៖ ខេត្តបន្ទាយមានជ័យ មានសាលារៀនសរុប១៨៦ ក្នុងក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ៥៨,៧៥៤នាក់ គ្រូបង្រៀនចំនួន ១,៧៩០នាក់។

ទី៤៖ ខេត្តពោធិ៍សាត់ មានសាលារៀនចំនួន ៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះវិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។

ទី៥៖ ខេត្តកោះកុង មានសាលារៀនចំនួន ២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់។

ទី៦៖ ខេត្តបាត់ដំបង មានសាលារៀនក្នុងស្រុកចំនួន៤ នៅខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន៕