ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ម្តងហើយម្តងទៀតឥតឈប់ឈរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទទួលអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ-អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតី ភាតរភាពរបស់ប្រជាជាតិខ្មែរយើងដែលជាខឿនការពារជាតិ។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)៕


