ដើម្បីជាការរួមកម្លាំងមនុស្សធម៌ដ៏ខ្លាំងក្លា ការផ្តល់ជាកម្លាំងចិត្តដ៏រឹងមាំ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងខិតខំតស៊ូបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពាររាល់គ្រប់ការឈ្លានពានដោយខុសច្បាប់ពីកងទ័ពថៃ នៅក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន ក៏ដូចជា ការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ជនភៀសសឹកកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំការកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌គ្រប់ប្រភេទរួមមាន៖ ថវិកា សម្ភារប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគ ដើម្បី រៀបចំប្រគល់ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងភៀសខ្លួនមកកាន់ទីកន្លែងសុវត្ថិភាព។
នៅក្នុងសេចក្តីអំពាវនាវនេះ បានបញ្ជាក់ទៀតថាក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ព្រមទាំងសាធារណជនទាំងអស់ សូមចូលរួម បរិច្ចាគអំណោយសប្បុរសធម៌ជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ តាមលទ្ធភាពរៀងៗខ្លួន ក្នុងស្មារតីមនុស្សធម៌ និងទឹកចិត្តមនសិការស្នេហាជាតិ។
ការចូលរួមចំណែកជាអំណោយសប្បុរសធម៌ទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅ ស្តង់ទទួលជំនួយមូលនិធិ ស្ថិតនៅមុខអគារសាលប្រជុំធំ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានអាសយដ្ឋាន ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃ ឬបរិច្ចាគជាសាច់ប្រាក់ ដោយបង្វែរតាមគណនីធនាគារ ABA គណនីលេខ៖ 045 566 889 (ប្រាក់រៀល-KHR) និង 045 566 899 (ប្រាក់ដុល្លារ-USD)៕


