អនុប្រធានទី២ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរកងទ័ពរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា


ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំង សមាជិកព្រឹទ្ធសភា សហការី បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនវីរយុទ្ធជនរបស់យើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ ហើយលោកបណ្ឌិត ក៏បានជូនពរសូមឱ្យឆាប់បានជាសះស្បើយ និងបាន សម្ដែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងប្រជាជនកម្ពុជា ជាមួយនឹងសត្រូវឈ្លានពាន។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកា និងសម្ភារៈរបស់ព្រឹទ្ធសភា ជូនដល់មន្ទីរពេទ្យ និងវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅទីនោះ៕