គិតត្រឹមវេលាម៉ោង ០៦:០០នាទី ព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តព្រះវិហារមានជនភៀសសឹក មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗមានចំនួន ១០៣៨១គ្រួសារ មានមនុស្សសរុបចំនួន៣៥១២៣នាក់ ស្រី១៩៩៤៨ បានគេចចេញពីតំបន់ព្រំដែន បន្ទាប់ពីក្រុមទាហានថៃ បានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺបានរៀបចំមណ្ឌលសុវត្ថិភាពចំនួន៨ទីតាំងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹក។ដោយឡែកនៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ទទួលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ ចំពោះការឧបត្ថម្ភផ្សេងៗទាំងសម្រាភរៈប្រើប្រាស់ និងស្បៀង នឹងរៀបចំចែកជូនជាបន្តបន្ទាប់។
ឯកឧត្តម គីម រិទ្ធី តែងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ជំនួយឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋផងដែរ និងតែងបានអញ្ជើចុះពិនិត្យមើលពីស្ថានភាពរស់នៅជាក់ស្តែង ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងសេវាថែទាំសុខភាព ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ៕























