គិតត្រឹមវេលាម៉ោង ០៦:០០នាទី ព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តព្រះវិហារ មានជនភៀសសឹក មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗមានចំនួន ១០៥៤៧គ្រួសារ មានមនុស្សសរុបចំនួន៣៣៨៨៣នាក់ បានគេចចេញពីតំបន់ព្រំដែន បន្ទាប់ពីក្រុមទាហានថៃ បានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានរៀបចំមណ្ឌលសុវត្ថិភាពចំនួន៨ទីតាំងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹក។ដោយឡែកនៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ទទួលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ ចំពោះការឧបត្ថម្ភផ្សេងៗទាំងសម្រាភរៈប្រើប្រាស់ និងស្បៀង នឹងរៀបចំចែកជូនជាបន្តបន្ទាប់។
ឯកឧត្តម គីម រិទ្ធី តែងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ជំនួយឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋផងដែរ និងតែងបានអញ្ជើចុះពិនិត្យមើលពីស្ថានភាពរស់នៅជាក់ស្តែង ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងសេវាថែទាំសុខភាព ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ។
ដោយអនុវត្តន៍តាមការណែនាំពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្ត ទទួលបន្ទុកគ្រប់គ្រងមណ្ឌលសុវត្ថិភាព វត្តត្រាវគៀត ស្ថិតក្នុងភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរស់ជន ជិត ឆ្ងាយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្តព្រះវិហារ នាំស្បៀង សម្ភារប្រើប្រាស់ មកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅទីនេះ។
ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ ណុប វុធ្ធី បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានការជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើអាជ្ញាធរ អ្វីដែលបងប្អូនភៀសសឹកត្រូវយកចិត្តទុកដាក់នោះ គឺត្រូវថែរក្សាសុខភាពឱ្យបានល្អ។ពិសេសសូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន កន្លែងរស់នៅឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ៕


























