បារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រយុទ្ធគ្នារវាងថៃ និងកម្ពុជា និងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ ត្រឡប់ទៅរកការសន្ទនាវិញ


ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ដោយ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។

ជាមួយគ្នានេះប្រទេសបារាំង បានជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាព ទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។

សេចក្តីថ្លែងការរបស់បារាំង ដែលបង្ហោះលើគេហទំព័រផ្លូវការ របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៤ ខែធ្នូនេះ មានខ្លឹមសារថា៖ «ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ ប្រទេសបារាំងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី»៕