សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសារមកបញ្ជាក់ដើម្បីកុំឱ្យមានការភាន់ច្រឡំ ចំពោះការបិទការធ្វើដំណើរតាមច្រកព្រំដែនគោករវាងកម្ពុជា-ថៃ។
សម្តេចបញ្ជាក់ថា ការផ្អាកការធ្វើដំណើរតាមច្រកព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតែព្រំដែនគោកប៉ុណ្ណោះ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ហើយសម្រាប់ប្រជាជនថៃ និងកម្ពុជា ចង់ត្រឡប់ចូលប្រទេសខ្លួនវិញ អាចធ្វើដំណើរតាមផ្លូវអាកាសបានធម្មតា។
សម្តេចបានបង្ហោះសារមានខ្លឹមសារដូច្នេះថា៖ «ម្សិលមិញខ្ញុំបានបង្ហោះសារមួយ ជូនយោបល់ចំពោះរាជរដ្ឋាភិបាល ចំពោះករណីប្រជាជនកម្ពុជា និងប្រជាជនថៃ ធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោក គួរត្រូវបានផ្អាក ដើម្បីធានាសុវត្តិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ អាចមានការភាន់ច្រឡំ ឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតិឲ្យប្រជាជនថៃវឹលត្រឡប់ទៅប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយ បន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។
សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនូវតែអាចធ្វើដំណើរបានធម្មតា ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញ ឬនៅសៀមរាប។សម្រាប់ប្រជាជនថៃ ដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាម អាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។
ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ តាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬប្រជាជនថៃនោះឡើយ។ អ្វីដែលយើងសូមឲ្យផ្អាក គឺការធ្វើដំណើរតាមផ្លូវគោក ដែលជាចំណុចគ្រោះថ្នាក់ដល់ជិវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ និងសូមកុំយកបំណងល្អរបស់ខ្ញុំ ដើម្បីការពារជិវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃ មកវាយប្រហារលើខ្ញុំបែបនេះ»៕


