ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្នុងនាមជាម្តាយ បេះដូងនិងកាយ តែងរមែងនឹកគិតដល់សុខទុក្ខកូនជាធំ និងមុនគេ ជាក់ស្តែងក្នុងគ្រាដ៏លំបាកដោយសារបញ្ហាតាមបន្ទាត់ព្រំដែន ដែលវីរយុទ្ធជនប្រុសស្រី ត្រូវឃ្លាតពីគ្រួសារ ប្រពន្ធ ប្តី កូន ម្តាយ ឬជីដូនចាស់ ដើម្បីមកការពារបូរណភាពទឹកដី ដោយមិនរុនរាន ទោះត្រូវបូជាសាច់ស្រស់ ឈាមស្រស់។
ក្នុងនោះក៏មានប្រជាជនភៀសសឹកជាងច្រើនម៉ឺនគ្រួសារទៀត ត្រូវបានជម្លៀសមកទីសុវត្ថិភាព ខ្លះក៏របួស ខ្លះទៀតក៏ត្រូវបាត់បង់ជីវិត ទាំងចាស់ និងក្មេង ដែលធ្វើឲ្យបេះដូងអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការរន្ធត់ជាខ្លាំង ឈឺចាប់ស្រក់ទឹកភ្នែកទាំងគ្មានសម្លេង ខ្វល់ខ្វាយយប់ថ្ងៃមិនស្រាកស្រាន្ត តាមដានព័ត៌មានពិតពីគ្រប់ទិសទី ដើម្បីត្រៀមជួយសង្គ្រោះប្រជាជនកូនចៅប្រុសស្រីឯទៀតដែលនៅទីតាំងមានសុវត្ថិភាព។ ដូច្នេះមួយរយៈនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែន រហូតមកទល់នឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកម្តាយបានចាត់សហការីទាំងអស់ ចុះជួយសម្រាលការលំបាក ដល់វីរយុទ្ធជន គ្រួសារវីរយុទ្ធជន កូនចៅភៀសសឹកទាំងអស់ ដោយផ្តល់ជាស្បៀងឧបភោគ-បរិភោគ សម្ភារៈ រួមទាំងថវិកាមួយចំនួនជូនគ្រប់គ្រួសាររងគ្រោះភ្លាមៗដោយមិនបង្អង់យូរនោះឡើយ។
លើសពីនោះអ្នកម្តាយមនុស្សធម៌បាន ចាត់តំណាង និងសហការី ចូលរួមរំលែកទុក្ខដល់គ្រួសារវីរៈយុទ្ធជនទោះស្ថិតនៅតំបន់ ឬខេត្តណាក៏ដោយ ក្នុងនោះព្រមទាំងចាត់មន្ត្រី ចុះទៅសួរសុខទុក្ខ រួមជាមួយអំណោយជាសម្ភារៈ ថវិកា ជូនដល់វីរយុទ្ធជន ឬជនភៀសសឹក ដែលរងរបួសនិងកំពុងសម្រាកព្យាយាមនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដោយមិនរំលងនោះឡើយ។
ទន្ទឹមនឹងនោះអ្នកម្តាយមនុស្សធម៌ ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តមើលថែឲ្យកាន់តែយកចិត្តទុក្ខដាក់បន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់កូនចៅប្រុសស្រី ដ៏សែនកំសត់រងគ្រោះដោយសារការបញ្ហាព្រំដែននេះ។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរខ្វល់ខ្វាយអាណិតស្រលាញ់ និងក្តីបារម្ភ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក ហើយបានចាត់ទុកទុក្ខលំបាករបស់វីរៈយុទ្ធជន និងប្រជាជាជនទាំងអស់ ជាទុក្ខលំបាកផ្ទាល់ខ្លួនដែរ និងមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ។ ពិសេសបានណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងជួយរាល់ការខ្វះខាត៕


























