ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រួមជាមួយលោកអ្នកឧកញ៉ា លាង ឃុន បន្តនាំយកអំណោយជូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុនជីបម៉ុងយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងគាំពារប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យ។

រាប់ចាប់តាំងពីមានការឈ្លានពានសារជាថ្មីពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា, ថ្នាក់ដឹកនាំកម្ពុជា មមាញឹកក្នុងការសម្របសម្រួលរកទីកន្លែងសុវត្ថិភាពជូនពលរដ្ឋស៊ីវិល ដែលគេចពីគ្រាប់បែក និងការបាញ់ប្រហាររបស់ទាហានថៃ។

ខេត្តដែលរងផលប៉ះពាល់មានចំនួន៦ គឺខេត្តព្រះវិហារ, ឧត្តរមានជ័យ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម៕