ឯកឧត្តមរដ្ឋមន្ដ្រី ហួត ហាក់ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនជនភៀសសឹកចំនួន១៥៦គ្រួសារ នៅខេត្តកំពង់ធំ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងភរិយា រួមជាមួយក្រុមការងារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនក្រុមគ្រួសារភៀសសឹកចំនួន ១៥៦គ្រួសារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នេះជាការបំពេញកិច្ចការងារយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូន កូនក្មួយ លោកតា លោកយាយ ជាពលករចំណាកស្រុក និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី។

ឯកឧត្តម ហួត ហាក់ បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះ លោកបានជម្រាបជូនពលរដ្ឋ ឱ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយពលរដ្ឋ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល។

ស្ថិតក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តម ហួត ហាក់ បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ដែលជាគ្រួសារភៀសសឹក ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងនោះរួមមាន៖ អង្ករ សរុបចំនួន៣តោន (ក្នុង១គ្រួសារ ១០គីឡូ), ទឹកក្រូច សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកសុទ្ធ សរុបចំនួន ៣០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកដោះគោ សរុបចំនួន ២០០កេស (ក្នុង១គ្រួសារ ១កេស), មី សរុបចំនួន ១៦០កេស (ក្នុង១គ្រួសារ ១កេស), ទឹកត្រី សរុបចំនួន ១៦០យួរ (ក្នុង១គ្រួសារ ១យួរ), ទឹកស៊ីអ៊ីវ សរុបចំនួន ១៦០យួរ (ក្នុង១គ្រួសារ ១យួរ), សម្ភារៈសិក្សា (សៀវភៅរឿងនិទាន, ប៊ិច, ខ្មៅដៃ,បន្ទាត់, ជ័រលុប, ដៃឃួងខ្មៅដៃ) ៣០០ឈុត (ក្នុង១ គ្រួសារ ១ ឈុត), ឃីត (សម្លៀកបំពាក់, ភួយ, ក្រមា) ៣០០ឃីត (ក្នុង១គ្រួសារ ១ឃីត), គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកា ៥ម៉ឺនរៀល ក្នុង ១ គ្រួសារ៕