ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។
អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ៥តោន, ទឹកបរិសុទ្ធដបធំ៥០កេស, មី១០០កេស, អំបុក២០០កញ្ចប់, កន្សែងពោះគោ១០០, បន្លែគ្រប់មុខ៤៥០គីឡូក្រាម, នំបារាំង១០០ដុំ, នំសាំងវ៉ិចគៀប៥កេសធំ និងនំដំឡូងបង្គាស្រស់៥កេសធំ។ បន្ថែមពីនោះ ក៏មានអំណោយរបស់ក្រុមអតីតសិស្សសាលាកម្រិតសិក្សាកម្រិត២ ឆ្នាំសិក្សា ១៩៧៩-១៩៨២ រួមមាន៖ អង្ក១០តោន, មីជាតិ១០០កេស, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៥០យួរ ,ត្រីខ១៥០ដុំ, តង់ធំ៣០, កន្ទេលល្អ៥០, ឆៃពៅប្រៃ៥០០គីឡូក្រាម, ត្រីងៀត៣០គីឡូក្រាម, ត្រីឆ្អើរ៥០ក្រាស់, ផ្អក៧០គីឡូក្រាម, អង្រឹង៥០, ពងទាសាបឆ្អិន១ពាន់គ្រាប់, ពងទាប្រៃឆ្អិន១ពាន់គ្រាប់ និងអំបុក២៧០គីឡូ។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមអតីតសិស្សសាលាកម្រិតសិក្សាកម្រិត២ ឆ្នាំសិក្សា ១៩៧៩-១៩៨២ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមបន្តថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថាពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់។
សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងការសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន៕





























