ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ទទួលគណៈប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលត្រឡប់មកពីប្រកួតនៅទីក្រុងឌូប៉ៃ


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលគណៈប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ព្រមទាំងទទួលទង់ម្ចាស់ផ្ទះ ពីគណៈប្រតិភូកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរចំពោះអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ លើវិញ្ញាសារជាច្រើនផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ចូនអត្តពលិកចំនួន ២៣រូប ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាបញ្ជូនប្រភេទកីឡាចំនួន៤ ដើម្បីចូលរួមប្រកួត រួមមាន៖ កីឡាឯកត្តជន (Para Athletics) កីឡាហែលទឹក(Para Swimming) កីឡាវាយសី(Para Badminton) និងកីឡាបោះបាល់ចូលទី (Goalball)។

ព្រឹត្តិការណ៍ការប្រកួតកីឡាជនពិការអាស៊ី ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្រោមប្រធានបទ «Born to Rise» ជាការប្រកួតក្នុងប្រភេទកីឡាចំនួន១១ រួមមាន៖ Para Archery, Para Arm Wrestling, Para Athletics, Para Badminton, Boccia, Goalball, Para Powerlifting, Para Swimming, Para Table Tennis, Para Taekwondo & Wheelchair Basketball ដោយមានអត្តពលិកចូលរួមប្រមាណ១៥០០ នាក់ មកពី៣៥ប្រទេស ក្នុងទ្វីបអាស៊ី។

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៩ ខាងមុខនេះ៕