ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំថវិការបស់សម្តេចបវរធិបតី និងជំទាវបណ្ឌិត ប្រគល់ជូនគ្រួសារសពអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន ដែលពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងបានអញ្ជើញនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនក្រុមគ្រួសារនៃសព អនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន យោធិននៃកងឯកភាពកងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគ២ នៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបុណ្យបានរៀបចំឡើងនៅគេហដ្ឋានសពនៅក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ការធ្វើពលិកម្មលះបង់អាយុជីវិតដ៏ធំធេងរបស់នាយទាហាននាពេលនេះ ពិតជាគំរូវីរភាពដ៏ល្អប្រពៃ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះជាតិមាតុភូមិ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមការងារ ចុះមូលដ្ឋានគ្រប់ថ្នាក់សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងពោរពេញដោយក្តីសោកសង្រេង ស្រណោះអាឡោះអាល័យជាមួយ ក្រុមគ្រួ សារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពេជ្រ បូរ៉ែន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕