សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃរដ្ឋសភា និងភរិយា ដែលបានឧត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ជូនរដ្ឋសភា ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានរបស់ប្រទេសថៃយ៉ាងឃោរឃៅមកលើអធិបតេយ្យកម្ពុជា។
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ផងដែរ។ សម្តេចបន្តថា មហាគ្រួសារខ្មែរ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្សធម៌ គំាទ្រ លើកទឹកចិត្តគ្រប់បែបយ៉ាងទំាងថវិកា សម្ភារៈ និងកម្លំាងកាយចិត្ត ជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក នៅក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមការលំបាក ពីការឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃ និងទាំងកំរោល របស់ទាហានថៃមកលើអធិបតេយ្យកម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។
អំណោយដែលឯកឧត្តម ប៉ា សុជាតិវង្ស និងភរិយា បានឧត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ នឹងយក៥ម៉ឹនដុល្លារសម្រាប់ទិញម៉ាសការពារសារធាតុពុល និង៥ម៉ឺនដុល្លារទៀតសម្រាប់ទិញទឹកបរិសុទ្ធ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ សាមគ្គីភាពជាកក្តាសំខាន់បំផុត ដើម្បីតតំាងនឹងចោរឈ្លានពាន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបន្តថា ឆ្លើយតបការគិតគូរបស់ថ្នាក់ដឹកនាំកំពូល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាដើម្បីតបស្នងសងគុណចំពោះពលីកម្មដ៏ធំធេងរបស់វីរយុទ្ធជននៅសមរភូមិមុខ។ រាជរដ្ឋាភិបាលប្តេជ្ញានៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕





