តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី នាំយកគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយដល់ពលរដ្ឋភៀសសឹក


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីឯកឧត្តម ជាប ដាវុធ និងឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយុវជនគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីជួយដល់ពលរដ្ឋភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាគ្រឿងឧបភោគបរិភោគ ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ១០តោន, ទឹកបរិសុទ្ធ១០០កេស, ឃីត៥,០០០កញ្ចប់ និងភេសជ្ជៈមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចន្ទ មុន្នី ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ តាមរយៈយុវជជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ។

ឯកឧត្តមបន្តថា គ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់។

សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងការសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន៕