សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថ្លែងអំណរគុណឯកឧត្តម សេង ញ៉ក់ និងភរិយា ដែលផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនរដ្ឋសភាបែងចែកជួយវីរយុទ្ធជន និងពលរដ្ឋភៀសសឹក


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណ ឯកឧត្តម សេង ញ៉ក់ និងភរិយា ដែលបានបរិច្ចាគថវិកា ១០ម៉ឺនដុល្លារចូលរួមជាមួយរដ្ឋសភា សម្រាប់ឧបត្ថម្ភគំាទ្រជូនដល់ វីរៈកងទ័ពដែលបានកំពុងឈរការពារទឹកដីនិងពលរដ្ឋ យ៉ាងអង់អាចក្លាហានជាទីបំផុត។

ការថ្លែងអំណរគុណរបស់សម្ដេចប្រធានរដ្ឋសភា បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតជូន ប្រតិភូគណៈកម្មកាគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នាំយកអំណោយជាថវិកា សម្ភារៈនិងម៉ាសការពារសារធាតុពុល ជូនសម្តេចសម្រាប់ធ្វើការបែងចែក ជូនវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក។

ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ សមាជិកសមាជិកាទំាងអស់ នៃគណៈកម្មការទី៨ទំាងអស់ ជាពិសេស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងតែមួយ របស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភានិងសប្បុរសជនទំាងអស់ផងដែរ។

សម្តេចបានគូសបញ្ជាក់ថា មហាគ្រួសារខ្មែរ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្សធម៌ គំាទ្រ លើកទឹកចិត្តគ្រប់បែបយ៉ាងទំាងថវិកា សម្ភារៈ និងកម្លំាងកាយចិត្ត ជូនដល់វីរៈកងទ័ពនិងពលរដ្ឋភៀសសឹក នៅក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមការលំបាក ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃនិងទំាងកំរោល របស់ទាហានថៃមកលើអធិបតេយ្យកម្ពុជា និងសូមឲ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។

អំណោយដែលឯកឧត្តម សេង ញ៉ក់ ជូន សម្តេចប្រធានរដ្ឋសភានាពេលនេះមាន បានទិញជាម៉ាសការពារសារធាតុពុលចំនួន៥ពាន់ម៉ាស ស្មើរថវិកា៥ម៉ឺនដុល្លារ និងថវិកាចំនួន៥ម៉ឺនដុល្លារ សរុបជាទឹកប្រាក់១០ម៉ឺនដុល្លារ។ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា នៅក្នុងគ្រាលលំបាកនេះ សាមគ្គីភាពជាកក្តាសំខាន់បំផុត ដើម្បីតតំាងនឹងចោរឈ្លានពាន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារិ បន្តថា ឆ្លើយតបការគិតគូររបស់ថ្នាក់ដឹកនាំកំពូល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាដើម្បីតបស្នងសងគុណពលីកម្មដ៏ធំធេងរបស់វីរៈយុទ្ធនៅសមរភូមិមុខ។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕