ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក គ្រួសារកងទ័ព សរុបចំនួន ៣១៩គ្រួសារ ក្នុងស្រុកស្រីសន្ធរ នៅបរិវេណសួនច្បារសាលាស្រុកស្រីសន្ធរ។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានសស្រុកស្រីសន្ធរ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងមាន លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជាច្រើនរូបទៀត។
ថ្លែងទៅកាន់បងប្អូនជនភៀសសឹក ដែលជាគ្រួសារកងទ័ព ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។
ជាក់ស្តែងផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់សូមថែរក្សាសុខភាព រក្សាអនាម័យ និងការពារខ្លួន ពិសេសប្អូនៗស្ត្រីដែលមានផ្ទៃពោះ ព្រោះមនុស្សម្នាក់ តែជីវិតពីរ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងជំរំ ដើម្បីធានាសុវត្ថិភាព សូមគោរពតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតី ជាតិតែមួយ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងស្ថានភាពនៃការរស់នៅជាសហគមន៍បែបនេះ៕






























