រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកាជិត៩ម៉ឺនដុល្លារ, ប្រាក់ខ្មែរជាង៥៣៧លានរៀល និងគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈជាច្រើនមុខពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនទៅវីរកងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក


រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកា ជិត៩ម៉ឺនដុល្លារ, ប្រាក់ខ្មែរជាង៥៣៧លានរៀល និងគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈជាច្រើនមុខ ពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនទៅវីរកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដែលនេះពិតជាបានបញ្ជាក់ ពីខឿនការពារជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្រោយពីក្រុមទាហានថៃ បាញ់ចូលឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំនេះ ស្ថាប័នរដ្ឋ អង្គភាព មន្ទីរជុំវិញសាលារាជធានីភ្នំពេញ សប្បុរសជន, ក្រុមហ៊ុនឯកជន បាននិងកំពុងយកអំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមការទទួលដោយ ឯកឧត្តម សុខ ពេញវុធ និងឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមាន ដូចជា៖ រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌដូនពេញ, រដ្ឋបាលខណ្ឌចំការមន, រដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌបឹងកេងកង, គណៈកម្មការផ្សារទួលគោក, គណៈកម្មការផ្សារសាមគ្គី, គណៈកម្មការផ្សារបន្លែច្បារអំពៅ, គណៈកម្មការផ្សារអូឡាំពិក, ក្រុមហ៊ុនឯកជន និងសប្បុរជនជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ពេញវុធ និងលោក ពេញ ធារម្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែក នូវធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ដែលបាននឹងកំពុងចាកចេញពីផ្ទះសម្បែង ទៅស្នាក់នៅទីកន្លែងសុវត្ថិភាព ដែលនេះជាទឹកចិត្តសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន តទៅទៀត នៅសាលារាជធានីភ្នំពេញ។

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានសប្បុរសជន, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ប្រមាណជាង១៣០ហើយ ដែលបានសម្រុកយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។

បើតាមលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ‎គិតត្រឹមម៉ោង ១៨៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តទទួលនូវការបរិច្ចាគសរុបជាថវិកាចំនួន ៥៣៧,០១៨,៣២៤រៀល និងប្រាក់ដុលា្លរចំនួន៨៨,៩៣៤ដុល្លារអាមេរិក និងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈផ្សេងៗជាច្រើនមុខទៀត៕