ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ អាស៊ានគួរឈប់ជជែករឿងអត់បានការ ហើយផ្តោតលើការកសាងសន្តិភាព និងជំនឿទុកចិត្តក្នុងតំបន់


ក្រោយពីសង្គ្រាមរវាង កម្ពុជា- ថៃ ដែលជាប្រទេសសមាជិកអាស៊ានដូចគ្នា នៅតែបន្តអូសបន្លាយពេលជាបន្តបន្ទាប់មកនេះ ពុំទាន់ឃើញមានប្រទេសជាសមាជិកអាស៊ាន ក្រៅពីប្រទេសម៉ាឡេស៊ី ជួយចេញមកអន្តរាគមផងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសារដោយបញ្ជាក់ថា អាស៊ានគួរឈប់ជជែករឿងអត់បានការ ហើយផ្តោតលើការកសាងសន្តិភាព និងជំនឿទុកចិត្តក្នុងតំបន់។

តាមរយៈបណ្តាញសង្គម Facebook នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ដូចនេះថា «អាស៊ានគួរឈប់ជជែករឿងអត់បានការ ហើយផ្តោតលើការកសាងសន្តិភាព និងជំនឿទុកចិត្តក្នុងតំបន់»។

ប្រទេសថៃ បានឈ្លានពានកម្ពុជា ជាលើកទី២ ដោយរំលោភទាំងស្រុងលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» ដោយបើកការវាយប្រហារមិនរើសមុខ មិនរើសទីតាំង ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងការវាយប្រហារនេះ កម្ពុជាបានធ្វើអត់ធ្មត់មិនតបតអស់ពេល ២៤ម៉ោង ទើបសម្រេចតបត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផងនោះ ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់ ព្រមទាំងបណ្តាលឱ្យមានជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់។

ក្នុងកំឡុងពេលនៃសង្គ្រាមរវាងកម្ពុជា និងថៃនេះ នៅមិនទាន់ឃើញមានប្រទេសជាសមាជិកអាស៊ាន ក្រៅពីប្រទេសម៉ាឡេស៊ី បានចេញមុខជួយដោះស្រាយជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅឡើយទេ៕