អភិបាលខេត្តតាកែវ ទទួលជំនួយឧបត្ថម្ភពីសភាពាណិជ្ជកម្មខេត្តតាកែវ ជួយដល់វីរកងទ័ព នៅសមរភូមិមុខ និងបងប្អូនជួយភៀសសឹក


អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជំនួយឧបត្ថម្ភ ពីសភាពាណិជ្ជកម្មខេត្តតាកែវ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ព បងប្អូនជូនភៀសសឹក ដោយការឈ្លានពានរបស់កងទ័ពសៀម។

ឯកឧត្តម វ៉ី សំណាង បានថ្លែងអរគុណចំពោះសភាពាណិជ្ជខេត្តតាកែវ ដែលបានចូលរួមចំណែកឧបត្ថម្ភ រដ្ឋបាលខេត្តជាសម្ភារៈ និងថវិកាដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។

ឯកឧត្តមបានបន្តថា ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។

សម្ភារៈដែលសភាពាណិជ្ជកម្មខេត្តតាកែវ ជួយឧបត្ថម្ភរដ្ឋបាលខេត្តតាកែវរួមមាន៖ មីខ្លាឃ្មុំចំនួន ២០០កេស ត្រីខចំនួន ៥កេស ទឹកសុទ្ធចំនួន ១០០កេស ទឹកស៊ីអីវចំនួន ១០០យួរ ទឹកត្រីចំនួន ១០០យួរ សាច់ផាត់មាន់ចំនួន ៥០០កញ្ចប់ ខ្ទឹមសចំនួន ១០០គីឡូ ម៉ាស់ចំនួន ១០០ប្រអប់ ងៀតសាច់គោចំនួន ១០០កញ្ចប់ បាយក្តាំងចំនួន ៥០កញ្ចប់ សរុបជាទឹកប្រាក់ ៣,៧៤២.៥ដុល្លារ៕