ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហាញនូវយុទ្ធសាស្ដ្រ៣យ៉ាង ដែលថៃត្រៀមធ្វើមកលើកម្ពុជា ហើយបើសិនជាថៃជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។
ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឲ្យពលរដ្ឋកម្ពុជា បន្ដគាំទ្រផលិតផលក្នុងស្រុក «ខ្មែរជួយខ្មែរ» ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖
សៀមវាយ កាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំ កម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀម វាយគ្រប់កន្លែង គឺចង់ឲ្យខ្សែការពារកម្ពុជាស្តើង (ពិតមែនតែសៀមមិនច្បាស់ថា ក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជា បានប៉ុន្មានពេលក៏ដោយ) តែពេលនេះជិតបោះឆ្នោត មានន័យថា ទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះ យុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន៣ហើយ បើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន។
យុទ្ធសាស្ត្រទាំងនោះ គឺ៖
១៖ លើកទំនុកចិត្តប្រជាជនសៀមឡើងវិញឲ្យជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជា ដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន (នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថា ជាបាងកកកាលពី៣០ឆ្នាំមុន)។ ប្រជាជនសៀម កើនទំនុកចិត្តបានន័យថា សន្លឹកឆ្នោតគាំទ្រសឹងកើនឡើង។
២៖ សង្កត់សេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចុះ អាស្រ័យការបង្ខំឲ្យមានប្រជាជនភៀសសឹករាប់សែននាក់ (មកដល់ពេលនេះជិតកន្លះលាននាក់ហើយ) ដែលនឹងក្លាយជាដុំថ្មមួយ ដែលរាជរដ្ឋាភិបាលត្រូវទទួល (បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ៥ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន?) ហើយនេះ គឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ។
តែអ្វីដែលសៀមគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួន ដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើឲ្យខ្សែផលិតកម្មក្នុងស្រុក និងការចំណាយក្នុងស្រុក (Domestic spending) កើនឡើងទៅវិញ ។
៣៖ អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀម គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជា នឹងធ្វើឲ្យពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និងវីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗ រហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ។ សៀមលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែស គាត់បែរទៅសង្គ្រប់ទីតាំងមួយចំនួន ហើយនៅក្រាញក្នុងឧម្មង្គទប់យើង ដែលជាអ្នកឡើងវាយម្តង៕


