ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា «វីរបុរស (Hero)» សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្តល់តម្លៃដល់ពលករទេសន្តរប្រវេសន៍ និងគាំទ្រដល់ការវិលត្រឡប់ និងសមាហរណកម្មដោយជោគជ័យ» នៅទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហជីព សមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិជាដៃគូ និងអតីតពលករទេសន្តរប្រវេសន៍ សរុបប្រមាណ ២០០ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាការរំលឹកឡើងវិញអំពីសារសំខាន់នៃការបន្តលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងអត្ថប្រយោជន៍គាំពារសង្គម ជូនដល់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការធ្វើឱ្យតួអង្គសំខាន់ទាំង ៥ (ពលករទេសន្តរប្រវេសន៍ផ្ទាល់ ក្រុមគ្រួសាររបស់ពលករទេសន្តរប្រវេសន៍ និយោជកនៃប្រទេសទទួល ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសបញ្ជូន និងប្រទេសទទួល និងរដ្ឋាភិបាលនៃប្រទេសបញ្ជូន និងប្រទេសទទួល) នៃយន្តការទេសន្តរប្រវេសន៍ការងារ មានភាពរីករាយសប្បាយចិត្ត។
ការធ្វើទេសន្តរប្រវេសន៍ការងារ ត្រូវតែមានសុវត្ថិភាព ដែលនេះជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដោយផ្តោតលើការផ្សព្វផ្សាយអំពីនីតិវិធីក្នុងការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ ការពង្រឹងយន្តការអធិការកិច្ចទីភ្នាក់ងារជ្រើសរើសឯកជន ការសម្រួលបន្ទុកចំណាយលើកម្រៃសេវាបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ការគាំពារ និងអន្តរាគមន៍របស់អនុព័ន្ធការងារ ជូនពលករទេសន្តរប្រវេសន៍នៅប្រទេសទទួល និងយន្តការនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មរបស់បងប្អូនពលករទេសន្តរប្រវេសន៍។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវការខកចិត្តចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលប្រទេសថៃ ដែលមិនបានផ្តល់ការឆ្លើយតប និងការគាំពារពេញលេញដល់ពលករខ្មែរ ពីអំពើហិង្សា និងការបំពានលើរូបរាងកាយ ដែលបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ជាពិសេស ការចូលរួមក្នុងការកំណត់ និងផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ៕











