ក្នុងនាមមហាគ្រួសារបេះដូង អ្នកខេត្តតាកែវទាំងមូល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្តតាកែវ នាំយកអំណោយមហាគ្រួសារខ្មែរបេះដូងអ្នកខេត្តតាកែវ យកទៅប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចាត់ចែងបែងចែកសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលជាជនភៀសសឹកចំនួន ៤ស្រុក នៃខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា «ក្នុងនាមមហាគ្រួសារបេះដូងអ្នកខេត្តតាកែវទាំងមូល ខ្ញុំសូមចូលរួមសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក នៃខេត្តបាត់ដំបងក្នុងគ្រាដ៏លំបាកនេះ»។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា ជំនួយដែលបាននាំមកនាពេលនេះ គឺជាទឹកចិត្តសាមគ្គីភាព និងការបារម្ភពីសុខទុក្ខរបស់បងប្អូនពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវ ចំពោះបងប្អូនខេត្តបាត់ដំបង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹកនៅខេត្តផ្សេងទៀតផងដែរ ដែលទទួលរងទុក្ខដោយសារតែសង្រ្គាមឈ្លានពានពីសំណាក់ចោរសៀម។
ក្នុងឱកាសទទួលអំណោយ «មហាគ្រួសារបេះដូងអ្នកខេត្តតាកែវ» ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅបំផុត ហើយនឹងយក អំណោយសប្បុរសធម៌ទាំងនេះ ដើម្បីចាត់ចែង និងបែងចែកបន្តឱ្យដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយចាំបាច់បំផុត។
សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលការខ្វះខាតខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនជនភៀសសឹក ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់រវាងរដ្ឋបាលខេត្ត និងខេត្ត ក្នុងមហាគ្រួសារខ្មែរតែមួយ៕















