សម្តេចប្រធានរដ្ឋសភា ទទួលអំណោយមនុស្សធម៌ និងបានចាត់តំណាងបែងចែក ប្រគល់ជូន វីរយុទ្ធជន និងពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីលោក សុខ គា នាយកសហគ្រាសមាតុភូមិជាថវិកានិងសម្ភារជាច្រើន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។

អំណោយលោក សុខ គា ប្រគល់ជូនសម្តេចប្រធានរដ្ឋសភា មាន កាពិផាវចំនួន ១.២ តោន សាច់ក្រកចំនួន ១ តោន មីចំនួន ១២,០០០ កញ្ចប់ ទឹកសុទ្ធចំនួន ១៥,៦០០ ដប ប៊ីចេងមាតុភូមិចំនួន ៣៥ បាវ និងស្បែកជើងចំនួន ១,៥០០ គូ ។

បន្ទាប់ពីទទួលបានអំណោយពីសប្បុរសជនហើយ សម្តេចប្រធានរដ្ឋសភា បានចាត់ចែងឱ្យថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំបែងចែកអំណោយទាំងនោះ ដឹកបញ្ជូនយកទៅឧបត្ថម្ភវីរកងទ័ព និងពលរដ្ឋភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា សៀម ដោយដឹកជញ្ជូនចេញទៅនៅក្នុងថ្ងៃនេះតែម្ដង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរជាធ្លុងមួយ ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ពប្រឆំាងនឹងការឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។

សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រដ្ឋសភានៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕