ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងស្នាក់ការគណបក្សឃុំក្តុលសែនជ័យ និងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៧៩រូប របស់គណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩រូប របស់គណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធានអនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ និងសកម្មជនគណបក្ស សរុបប្រមាណ ២០០នាក់។

ជាកិច្ចចាប់ផ្ដើម លោក ម៉ឹង វិសាលសុខ ប្រធានគណៈកម្មាធិការគណបក្សឃុំក្តុលសែនជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានជម្រាបជូនថា ពិធីសម្ពោធសមិទ្ធផលនានាក្នុងស្នាក់ការគណបក្សនាពេលនេះ រួមមាន៖ សាលប្រជុំថ្មីស្នាក់ការគណបក្សដែលមានបណ្តោយ ១៨ម៉ែត្រ ទទឹង ៩,៥០ម៉ែត្រ កម្ពស់ ៥,២០ម៉ែត្រ អាចផ្ទុកសមាជិកបានប្រមាណ ២២០នាក់ និងមានបំពាក់សម្ភារបរិក្ខារគ្រប់គ្រាន់, ការជួសជុលអគារទីស្នាក់ការគណបក្សចាស់ មានបណ្តោយ ៩,៥០ម៉ែត្រ និងទទឹង ៦,៥០ម៉ែត្រ, សាងសង់របងនិងក្លោងទ្វារ, បន្ទប់ទឹកនិងបង្គន់អនាម័យថ្មី, ការកែលម្អទីធ្លាគណបក្សឃុំ និងសមិទ្ធផលរូបវន្តជាច្រើនទៀត។

ជាមួយគ្នានោះដែរ លោកប្រធានគណៈកម្មាធិការគណបក្សឃុំ បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសមាជិក សមាជិកាសរុបចំនួន ៧៩រូប។ បន្ទាប់មក តំណាងសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ បានឡើងថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត ក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងការប្ដេជ្ញាចិត្តរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ព្រមទាំងមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងការអបអរសាទរចំពោះគណៈកម្មាធិការគណបក្សឃុំក្ដុលសែនជ័យ ដែលទទួលបាននូវសមិទ្ធផលថ្មីៗដែលមានសោភ័ណភាព និងផាសុកភាព ព្រមទាំងបានសម្ដែងការស្វាគមន៍ចំពោះវត្តមានសមាជិកថ្មីទាំង ៧៩ រូប ដែលបានសម្រេចចិត្តត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ។ ឯកឧត្តមប្រធាន ក៏បានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្ដុលសែនជ័យ ដែលបានបំពេញតួនាទីនិងភារកិច្ចបានយ៉ាងល្អប្រសើរធ្វើឱ្យគណបក្សឃុំ មានភាពរីកចម្រើនប្រកបដោយមោទនភាព និងមានកម្លាំងគាំទ្ររឹងមាំ ស្រលាញ់ ជឿជាក់ ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ដែលធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សមិទ្ធផលលើគ្រប់វិស័យអាចកើតមាន និងពិធីដ៏មហោឡារិកនេះ អាចប្រព្រឹត្តទៅបាន ស្របពេលដែលប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាព សេរីភាព និងសុភមង្គល ព្រមទាំងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តមបានបន្ថែមទៀតថា ក្នុងសម័យ “តេជោ-ធិបតី” កម្ពុជានៅតែបន្តការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។ ជាមួយគ្នានោះ លោកប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារគណបក្ស ឱ្យយកចិត្តទុកដាក់អនុវត្តការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាពនៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

ឯកឧត្តម បានអញ្ជើញពិនិត្យសមិទ្ធផលនានា ក្នុងបរិវេណស្នាក់ការបក្ស ព្រមទាំងអញ្ជើញពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕